Friday, December 25, 2015

ប្រវត្តិ លោក ស.ន. ហ្គោឥនកា

សត្យា នារាយ័ន ហ្គោឥនកា គឺ​ជា​គ្រូ​ឧបាសក​បង្ហាត់​វិបស្សនា​កម្មដ្ឋាន​នា​ពេល​បច្ចុប្បន្ន។

សាវតារ

  ទោះ​បី​ជា​លោក​មាន​ដើម​កំណើត​ជា​ជនជាតិ​ឥណ្ឌា​ក៏​ដោយ លោក ហ្គោឥនកា បាន​កើត និង មាន​វ័យ​ធំ​ចម្រើន​ឡើង​នៅ​ប្រទេស​មីយ៉ានម៉ា (ភូមា)។ ខណៈពេល​រស់នៅ​ក្នុង​ប្រទេស​ភូមា លោក​មាន​ភព្វ​សំណាង​ល្អ​ណាស់​ដែល​បាន​មក​ជួប​ជាមួយ​លោក សាយាគ្យី អ៊ូបាឃិន និង រៀន​បច្ចេកទេស​វិបស្សនា​ពី​លោក។ បន្ទាប់​ពី​បាន​ទទួល​ការបណ្តុះ​បណ្តាល​ពី​គ្រូ​របស់​លោក​អស់​រយៈពេល 14 ឆ្នាំ លោក ហ្គោឥនកា បាន​មក​រស់នៅ​ប្រទេស​ឥណ្ឌា និង បាន​ចាប់ផ្តើម​បង្រៀន​វិបស្សនា​ក្នុង​ឆ្នាំ 1969។ ទោះបី​ជា​នៅក្នុង​ប្រទេស​ដែល​នៅ​តែ​មាន​ការបែងចែក​វណ្ណៈ និង សាសនា​យ៉ាង​ខ្លាំង​ក៏​ដោយ វគ្គសិក្សា​ដែល​លោក ហ្គោឥនកា បង្រៀន បាន​ទាក់ទាញ​មនុស្ស​រាប់​ពាន់​នាក់​មក​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម។ លើស​លើ​នេះ មនុស្ស​ជា​ច្រើន​មក​ពី​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​បាន​មក​ចូលរួម​ វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន​នេះ​ផងដែរ។
ក្នុង​រយៈពេល​ជិត 45 ឆ្នាំ លោក ហ្គោឥនកា និង គ្រូជំនួយ​ដែល​លោក​បាន​ចាត់តាំង បាន​បង្រៀន​មនុស្ស​រាប់​សិប​ម៉ឺន​នាក់​ក្នុង​វគ្គសិក្សា​នៅ​ប្រទេស​ឥណ្ឌា និង នៅ​ប្រទេស​ផ្សេងៗទៀត ទាំង​នៅ​ប៉ែក​បូព៌ា និង លោក​ខាងលិច។ សព្វថ្ងៃ ក្រោម​ការណែនាំ​របស់​លោក មជ្ឈមណ្ឌល​កម្មដ្ឋាន​ត្រូវ​បាន​បង្កើត​ឡើង និង ដំណើរការ​នៅ​ទ្វីប​អាស៊ី, អឺរ៉ុប, អាមេរិក, អាហ្វ្រិក និង អូស្ត្រាឡាស៊ី។
បច្ចេកទេស​ដែល​លោក ស.ន. ហ្គោឥនកា បង្រៀន​ជា​ប្រពៃណី​មួយ​ចេញ​មក​ពី​ព្រះពុទ្ធ​ជា​គ្រូ​ដើម កាល​ពី​ជាង 2500 ឆ្នាំ​មុន។ ព្រះពុទ្ធ​មិន​ដែល​បង្រៀន​សាសនា​ប្រកាន់​និកាយ​ឡើយ។ ព្រះឣង្គ​បង្រៀន​ធម៌ គឺ​ផ្លូវ​ទៅ​រក​ការរួច​រដោះ​ដែល​ជា​របស់​សាកល។ តាម​ប្រពៃណី​ដដែល​នេះ ការបង្រៀន​របស់​លោក ហ្គោឥនកា មិន​ប្រកាន់​និកាយ​សោះ​ឡើយ។ ដោយ​ហេតុ​នេះ ការបង្រៀន​របស់​លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន, មក​ពី​គ្រប់​សាសនា និង ឥត​សាសនា, មក​ពី​គ្រប់​ផ្នែក​នៃ​ពិភពលោក​ចូលចិត្ត​យ៉ាង​ខ្លាំង។
លោក ហ្គោឥនកា បាន​ទទួល​គ្រឿង​ឥស្សរយស និង មេដាយ​កិត្តិយស​ជាច្រើន​នៅក្នុង​ជីវិត​របស់​លោក រួមទាំង Padma Awards ពី​ប្រធានាធិបតី​ឥណ្ឌា​ក្នុង​ឆ្នាំ 2012។ គ្រឿង​ឥស្សរយស​នេះ​គឺ​ជា​មេដាយ​សម្រាប់​ពលរដ្ឋ​ខ្ពស់បំផុត ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ឥណ្ឌា។
សត្យា នារាយ័ន ហ្គោឥនកា បាន​ទទួល​អនិច្ចកម្ម​នៅក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ប៊ុមបេ នៅថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2013 ដោយ​ជរាភាព ក្នុង​ជន្មាយុ 89 ឆ្នាំ (ឬ 90 ឆ្នាំ ខ្វះ 3 ខែ)។ លោក​បាន​បន្សល់​ទុក​នូវ​កេរដំណែល​ជា​និរន្តរ៍៖ បច្ចេកទេស​វិបស្សនា ដែល​បច្ចុប្បន្ន​បាន​រីកសាយ​យ៉ាង​ទូលំទូលាយ​ជាង​ពេល​មុនៗ​ទាំងអស់ នៅ​ទូទាំង​ពិភពលោក។

កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព​នៅ​អង្គការ​សហប្រជាជាតិ

នៅ​រដូវ​ក្តៅ​ឆ្នាំ 2000 លោក ហ្គោឥនកា ដែល​ជា​គ្រូ​បង្ហាត់​វិបស្សនា​កម្មដ្ឋាន​បាន​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​ អាមេរិក និង បាន​ថ្លែង​សុន្ទរកថា ក្នុងចំណោម​អ្នកដឹកនាំ​សាសនា​លើ​ពិភពលោក​ដទៃ​ទៀត នៅក្នុង “កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព​ពិភពលោក​ប្រចាំ​សហស្សវត្សរ៍” នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការ​សហប្រជាជាតិ ក្នុង​ទី​ក្រុង​ញូវយ៉ក។

លោក ស.ន. ហ្គោឥនកា ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព

ដោយ Bill Higgins
កាលបិរិច្ឆេទ៖ 29 សីហា 2000
S. N. Goenka at U.N.
រូបថត​របស់ Beliefnet, Inc.
ញូវយ៉ក — អាចារ្យ​វិបស្សនា ស.ន. ហ្គោឥនកា បាន​ថ្លែង​សុន្ទរកថា​ជូន​ប្រតិភូ​ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ ស្តី​ពី​សន្តិភាព​ពិភពលោក​ប្រចាំ​សហស្សវត្សរ៍ នៅ​អគារ​ប្រជុំ​ទូទៅ​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​នេះ ដែល​ជា​ការជួបជុំ​ដំបូង​នៃ​អ្នកដឹកនាំ​សាសនា​នៅ​ទីនោះ។
សុន្ទរកថា​របស់​លោក ហ្គោឥនកា ក្នុង​សម័យ​ប្រជុំ ស្តី​ពី​រូបបរិវត្តន៍​នៃ​ជម្លោះ បាន​ផ្តោត​លើ​គោលសំខាន់​នៃ​ភាពសុខដុម​ខាង​សាសនា, ការអត់ឱន និង ការរួមរស់​ដោយ​សន្តិភាព។
លោក ហ្គោឥនកា បាន​មាន​ប្រសាសន៍​ថា “ជាជាង​ផ្លាស់​ជំនឿ​របស់​មនុស្ស​ពី​សាសនា​មួយ​ទៅ​សាសនា​មួយ​ទៀត យើង​គួរ​សាកល្បង​ផ្លាស់ប្តូរ​មនុស្ស​ពី​ទុក្ខសោក​ទៅ​រក​សុភមង្គល, ពី​ការជាប់​ចំណង​ទៅ​រក​ការរួច​រដោះ និង ពី​ភាពកាច​សាហាវ​ឃោរឃៅ​ទៅ​រក​ភាព​មេត្តា​ករុណា​វិញ”។
លោក ហ្គោឥនកា បាន​ថ្លែង​សុន្ទរកថា​របស់​លោក​នៅ​សម័យ​ប្រជុំ​ពេល​រសៀល​នៃ​កិច្ច​ប្រជុំ​ កំពូល​នេះ​ដល់​ក្រុម​មនុស្ស​ដែល​រួម​មាន​ប្រតិភូ និង អ្នកសង្កេតការណ៍ ​ប្រមាណ 2000 នាក់។ លោក ហ្គោឥនកា បាន​ថ្លែង​បន្ទាប់​ពី​សុន្ទរកថា​របស់​ស្ថាបនិក CNN គឺ​លោក Ted Turner។ លោក Turner គឺ​ជា​អ្នកឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​ម្នាក់​ដល់​កិច្ច​ប្រជុំ​កំពូល​នេះ។
ក្នុងការ​រក្សា​ខ្លឹមសារ​ស្វែងរក​សន្តិភាព​ជូន​ពិភពលោក​នៃ​កិច្ច​ ប្រជុំ​កំពូល​នេះ លោក ហ្គោឥនកា បាន​សង្កត់​ធ្ងន់​លើ​ពាក្យ​សម្តី​របស់​លោក​ថា សន្តិភាព​ក្នុង​ពិភពលោក​មិន​អាច​សម្រេច​បាន​ឡើយ លុះ​ត្រា​តែ​បុគ្គល​ម្នាក់ៗ​មាន​សន្តិភាព។ “សន្តិភាព​ក្នុង​ពិភពលោក​មិន​អាច​កើត​មាន​ឡើយ នៅពេល​មនុស្ស​មាន​កំហឹង និង មាន​សេចក្តី​ស្អប់​ខ្ពើម​នៅ​ក្នុង​ចិត្ត។ លុះ​ត្រា​តែ​មនុស្ស​មាន​មេត្តា និង ករុណា​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ទើប​ពិភពលោក​អាច​ទទួល​សន្តិភាព​បាន”។
ទិដ្ឋភាព​សំខាន់​នៃ​កិច្ច​ប្រជុំ​កំពូល​នោះ​គឺ​កិច្ច​ខំប្រឹងប្រែង ​ដើម្បី​កាត់​បន្ថយ​ជម្លោះ និង ភាពតានតឹង​រវាង​និកាយ​នានា។ ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ្គោឥនកា បាន​មាន​ប្រសាសន៍​ថា “នៅពេល​មាន​កំហឹង និង មាន​សេចក្តី​ស្អប់ខ្ពើម​នៅ​ក្នុង​ចិត្ត គេ​ចាប់ផ្តើម​មាន​ទុក្ខ ដោយ​មិន​ចំពោះ​ថា​គេ​នោះ​ជា​គ្រិស្តសាសនិក ហ៊ីណ្ឌូ ឬ មូស្លីម​ឡើយ”។
ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​មាន​ប្រសាសន៍​បន្ទរ​ដោយ​សំឡេង​ទះ​ដៃ​សាទរ​លាន់​កង​រំពង​ថា “អ្នក​ដែល​មាន​មេត្តា និង ករុណា​នៅ​ក្នុង​ចិត្ត​ដ៏​បរិសុទ្ធ​នឹង​ទទួល​បទពិសោធន៍​នៃ​ឋានសួគ៌​នៅ​ក្នុង​ ខ្លួន។ នេះ​គឺ​ជា​ច្បាប់​ធម្មជាតិ ឬ ជា​បំណង​របស់​ព្រះ”។
លោក​បាន​ថ្លែង​បន្ត​ទៀត​យ៉ាង​សមរម្យ​ដល់​ក្រុម​មនុស្ស​ដែល​រួម​ ទាំង​អ្នកដឹកនាំ​សាសនា​ក្នុង​ពិភពលោក​ថា “សូម​ផ្តោត​លើ​ភាពសាមញ្ញ​ទូទៅ​នៃ​សាសនា​ទាំងអស់ និង លើ​គោលការណ៍​គ្រឹះ​ខាង​ក្នុង​នៃ​សាសនា​ទាំងអស់​គឺ​ភាពបរិសុទ្ធ​នៃ​ចិត្ត។ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទិដ្ឋភាព​នៃ​សាសនា​នេះ និង ជៀសវាង​ជម្លោះ​លើ​បញ្ហា​សំបក​ខាងក្រៅ​នៃ​សាសនា​ដែល​ជា​ពិធី​បុណ្យ, ពិធី​សាសនា និង ជា​ជំនឿ​ផ្សេងៗ”។
ក្នុង​សេចក្តី​សន្និដ្ឋាន លោក ហ្គោឥនកា បាន​ស្រង់​សម្តី​របស់​មហារាជ អសោក ដែល​បាន​ចារ​នៅ​លើ​សិលា​ចារឹក​មួយ​របស់​ព្រះ​អង្គ “គេ​មិន​គួរ​គោរព​តែ​សាសនា​ផ្ទាល់​ខ្លួន និង ដាក់​ទោស​ដល់​សាសនា​ដទៃ​ទៀត​ឡើយ។ ផ្ទុយទៅវិញ គេ​គួរ​គោរព​សាសនា​ដទៃ​ទៀត​ដោយសារ​មូលហេតុ​ជា​ច្រើន។ ការធ្វើ​ដូច្នេះ​ជួយ​ឲ្យ​សាសនា​ផ្ទាល់​ខ្លួន​របស់​គេ​រីកលូតលាស់ ហើយ​ក៏​ជួយ​បម្រើ​ដល់​សាសនា​របស់​អ្នកដទៃ​ផងដែរ។ បើ​គេ​ធ្វើ​ផ្ទុយ​ពី​នេះ គេ​នឹង​ជីក​រណ្តៅ​កប់​សាសនា​ផ្ទាល់​ខ្លួន​របស់​គេ និង បង្ក​អន្តរាយ​ដល់​សាសនា​ដទៃ​ទៀត​ផងដែរ។ ជន​ណា​ដែល​គោរព​សាសនា​ផ្ទាល់​ខ្លួន​ហើយ​ដាក់​ទោស​សាសនា​ដទៃ​អាច​ធ្វើ​ ដូច្នេះ​បាន​ដោយ​ជឿស៊ប់​ក្នុង​សាសនា​របស់​គេ និង គិត​ថា “ខ្ញុំ​នឹង​លើក​តម្កើង​សាសនា​របស់​ខ្ញុំ” តែ​អំពើ​នេះ​បាន​ធ្វើ​ឲ្យ​សាសនា​ផ្ទាល់​ខ្លួន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់។ ការស្រុះស្រួល​គ្នា​ប្រសើរ​ណាស់។ សូម​ឲ្យ​អ្នក​ទាំងអស់​ស្តាប់​គ្នា និង មាន​ឆន្ទៈ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​អ្នកដទៃ”។
លោក​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ខូហ្វី អាណាន់ បាន​ហៅ​កិច្ច​ប្រជុំ​កំពូល​នេះ​ថា “ការជួបជុំ​អ្នកដឹកនាំ​សាសនា​ដ៏​ខ្ពង់ខ្ពស់​លើ​ពិភពលោក​រួមគ្នា​ដើម្បី​ សន្តិភាព​ដែល​រំពឹង​ថា​នឹង​ពង្រឹង​ក្តី​សង្ឃឹម​ដើម្បី​សន្តិភាព នៅពេល​យើង​ទាំងអស់​គ្នា​ឈាន​ចូល​សហស្សវត្សរ៍​ថ្មី”។
អ្នកដឹកនាំ​សាសនា​ដែល​អង្គការ​សហប្រជាជាតិ​បាន​អញ្ជើញ​មក​ចូលរួម​ សន្និសីទ​លើក​ដំបូង​មិន​ធ្លាប់​មាន​ពី​មុន​រួម​មាន Pramukh Swami នៃ Swami Narayana Movement, Swami Dayananda Saraswati, Swami Agniwesh, Mata Amritanandamayi Devi និង Dada Wasvani ព្រមទាំង​អ្នកប្រាជ្ញ​ដ៏​ឧត្តម​ដូចជា Dr Karan Singh និង L. M. Singhvi។
ដោយ​សំអាង​លើ​នានាភាព​ខាង​សាសនា និង វប្បធម៌​របស់​អ្នកចូលរួម លោក អាណាន់ បាន​មាន​ប្រសាសន៍​ថា “អង្គការ​សហប្រជាជាតិ​គឺ​ជា​គ្រឿង​តុបតែង មិន​ត្រឹមតែ​ជា​សម្លៀក​បំពាក់ ឬ សារី (សម្លៀក​បំពាក់​ស្ត្រី​ឥណ្ឌា​បុរាណ) ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ខ្សែ​ក​របស់​បព្វជិត, សម្លៀក​បំពាក់​របស់​ដូនជី និង ស្បង់​របស់​ឡាម៉ា, មួក​របស់​សង្ឃរាជ​គ្រិស្ត, មួក​កន្តឹប និង មួក​យ៉ារមូលឃីស៍ (yarmulkies) របស់​ពួក​ជីហ្វ​ផងដែរ”។
ទោះបីជា​គេ​បានសួរ​លោក អាណាន់ ដដែលៗ​អំពី​អវត្តមាន​របស់​អ្នកដឹកនាំ​ទីបេ​ក៏​ដោយ លោក​បាន​បង្វែរ​សំណួរ​ត្រឡប់​ទៅ​រក​គោលបំណង​នៃ​កិច្ច​ប្រជុំ​កំពូល​វិញ ដោយ​មាន​ប្រសាសន៍​ថា “ដើម្បី​ស្តារ​ឲ្យ​សាសនា​ត្រឡប់​ទៅ​រក​តួនាទី​ត្រឹមត្រូវ​របស់​ខ្លួន​ជា​ អ្នកបង្កើត​សន្តិភាព និង សន្តិភាវករ​វិញ បញ្ហា​នៃ​ជម្លោះ​មិន​មែន​ជា​រឿង​គម្ពី​ប៊ីបល ឬ តូរាហ៍ ឬ កូរ៉ាន់​ឡើយ។ បញ្ហា​មិន​មែន​ជា​ជំនឿ​ទេ គឺ​ជា​ភក្តីភាព និង របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ថ្មី​ទៀត អ្នក​ត្រូវតែ​បង្រៀន​មាគ៌ា​សន្តិភាព និង មាគ៌ា​នៃ​ការអត់ឱន​ដល់​សិស្ស​របស់​អ្នក”។
អ្នកដឹកនាំ​អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា ដោយសារ 83% នៃ​ប្រជាជន​ទូទាំង​ពិភពលោក​ចូលរួម​ក្នុង​ប្រព័ន្ធ​ជំនឿ​សាសនា​ផ្លូវការ​មួយ អ្នកដឹកនាំ​សាសនា​ទាំងនេះ​អាច​ជះ​ឥទ្ធិពល​នៃ​សន្តិភាព​ដល់​ពួក​បរិស័ទ​របស់​ គេ។
អង្គការ​សហប្រជាជាតិ​សង្ឃឹម​ថា​សន្និសីទ​នេះ​នឹង​ជំរុញ​សហគមន៍​ ទូទាំង​ពិភពលោក​ឆ្ពោះ​ទៅ​រក​ពាក្យ​នៅ​ក្នុង​ឯកសារ​មួយ​គឺ “ទទួល​ស្គាល់​សក្តានុពល​ខាង​សាសនា និង ដឹង​ថា​វា​ស្ថិត​នៅ​ក្រោម​អំណាច​របស់​យើង​ដើម្បី​លុប​បំបាត់​សង្គ្រាម​ដែល​ ជា​ទម្រង់​ដ៏​អាក្រក់​បំផុត​នៃ​អំពើ​ព្រៃផ្សៃ​របស់​មនុស្ស និង ភាពក្រីក្រ​ដែល​ជា​ឫសគល់​មួយ​នៃ​សង្គ្រាម។ នេះ​ជា​ពេល​ដែល​អ្នកដឹកនាំ​សាសនា​ទូទាំង​ពិភពលោក​ត្រូវ​ធ្វើការ​ឲ្យ​កាន់​តែ ​ជិតស្និទ្ធិ​ជាមួយ​អង្គការ​សហប្រជាជាតិ​ក្នុង​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ ដោះស្រាយ​តម្រូវការ​បន្ទាន់​របស់​មនុស្ស​ជាតិ”។
កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្សតិ៍ ទី 31 សីហា នៅពេល​ដែល​អ្នកចូលរួម​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​អំពី​សន្តិភាព​ ពិភពលោក និង បង្កើត​ក្រុមប្រឹក្សា​អន្តរជាតិ​នៃ​អ្នកដឹកនាំ​សាសនា ដែល​នឹង​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ និង អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក្នុង​ការបង្កើត​សន្តិភាព និង កិច្ចខំប្រឹងប្រែង​ដើម្បី​រក្សា​សន្តិភាព។
លោក Bawa Jain អគ្គលេខាធិការ​នៃ​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព​ពិភពលោក បាន​មាន​ប្រសាសន៍​ថា “គោលបំណង​នៃ​ក្រុមប្រឹក្សា​អន្តរជាតិ​នៃ​អ្នកដឹកនាំ​សាសនា​គឺ​ដើម្បី​បង្កើន និង ពង្រឹង​ការងារ​របស់​អង្គការ​សហប្រជាជាតិ។ នេះ​គឺ​ជាសេចក្តី​សង្ឃឹម​ដ៏​ខ្លាំង​របស់​យើង​ថា នៅពេល​មាន​ជម្លោះ អ្នកដឹកនាំ​សាសនា​ធំៗ​លើ​ពិភពលោក​អាច​ចូល​ទៅ​ក្នុង​កន្លែង​ជម្លោះ​ដើម្បី​ ស្វែងរក​ដំណោះស្រាយ​អហិង្សា​ចំពោះ​ជម្លោះ​ទាំងនោះ”។


សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ

ខាងក្រោម​នេះ​គឺ​ជា​អត្ថបទ​ទាំងស្រុង​នៃ​សុន្ទរកថា​ថ្លែង​ដោយ​លោក ហ្គោឥនកា នៅ​ថ្ងៃ​អង្គារ ទី 29 សីហា 2000 នៅ​សាលប្រជុំ​ទូទៅ​នៃ​អង្គការ​សហប្រជាជាតិ​ចំពោះ​អ្នក​ចូលរួម​កិច្ចប្រជុំ​ កំពូល​ស្តី​ពី​សន្តិភាព​ពិភពលោក​ប្រចាំ​សហស្សវត្សរ៍។

សាសនា​សាកល​ដើម្បី​សន្តិភាព ដោយ ស.ន. ហ្គោឥនកា

កាលបរិច្ឆេទ៖ 29 សីហា 2000
នៅពេល​មាន​ភាពងងឹត យើង​ត្រូវការ​ពន្លឺ។ សព្វថ្ងៃ ដោយសារ​មាន​ការព្រួយចិត្ត​ដែល​បង្ក​ឡើង​ដោយ​ជម្លោះ​ហិង្សា, សង្គ្រាម និង ការបង្ហូរឈាម ពិភពលោក​ត្រូវការ​សន្តិភាព និង សុខដុម​រម្យនា​យ៉ាង​ខ្លាំង។ នេះ​គឺ​ជា​ការលំបាក​ដ៏​ធំ​មួយ​សម្រាប់​អ្នកដឹកនាំ​សាសនា។ សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ព្រមទទួល​យក​នូវ​ការលំបាក​ទាំងនេះ។
គ្រប់​សាសនា​មាន​ទ្រង់ទ្រាយ ឬ សម្បក​ក្រៅ ព្រមទាំង​ខ្លឹមសារ ឬ គោល​ចម្បង​នៅ​ខាងក្នុង។ សម្រក​ក្រៅ​រួមមាន​ពិធីបុណ្យ, ពិធី​សាសនា, ជំនឿ, ទេវកថា និង ទ្រឹស្តី​នានា។ របស់​ទាំងនេះ​ខុសគ្នា​ពី​សាសនា​មួយ​ទៅ​សាសនា​មួយ​ទៀត។ ប៉ុន្តែ​ខ្លឹមសារ​ខាងក្នុង​គឺ​មាន​ជា​ទូទៅ​ចំពោះ​សាសនា​ទាំងអស់៖ ការបង្រៀន​ជា​សាកល​អំពី​សីលធម៌ និង បរិច្ចាគ, អំពី​វិន័យ និង ចិត្ត​បរិសុទ្ធ​ដែល​ពោរពេញ​ដោយមេត្តា ករុណា មុទិតា និង ខន្តី (ការអត់ឱន)។ នេះ​គឺ​ជា​លក្ខណៈ​ទូទៅ​ដែល​អ្នកដឹកនាំ​សាសនា​គួរ​សង្កត់​ធ្ងន់ ហើយ​ដែល​អ្នកគោរព​បូជា​សាសនា​គួរ​ប្រតិបត្តិ។ ជម្លោះ​ទាំងអស់​អាច​ត្រូវ​បាន​បង្រួម​តិច​ទៅៗ បើ​គោល​សំខាន់​ដ៏​ត្រឹមត្រូវ​ទាំងនេះ​ត្រូវ​បាន​ឲ្យ​តម្លៃ​ដោយ​សាសនា​ ទាំងអស់ ហើយ​ការអត់ឱន​ដ៏​ធំធេង​ត្រូវ​បាន​បង្ហាញ​ចំពោះ​ទិដ្ឋភាព​ខាងក្រៅ។
មនុស្ស​ទាំងអស់​ត្រូវតែ​មាន​សេរីភាព​ក្នុងការ​ទទួល​ស្គាល់ និង ធ្វើ​តាម​ជំនឿ​របស់​ពួកគេ។ ក្នុងការ​ធ្វើ​ដូច្នេះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ការប្រតិបត្តិ​ចំពោះ​ខ្លឹមសារ​នៃ​សាសនា​ របស់​ពួកគេ​ឡើយ, មិន​ត្រូវ​រំខាន​អ្នកដទៃ​ដោយ​ការប្រតិបត្តិ​សាសនា​ផ្ទាល់​ខ្លួន​ និង មិន​ត្រូវ​ដាក់​ទោស ឬ មើល​ងាយ​ជំនឿ​ដទៃ​ទៀត​ដែរ។
ចំពោះ​នានាភាព​នៃ​ជំនឿ តើ​យើង​ពុះពារ​ចំពោះ​ភាពផ្សេងៗ​គ្នា​ទាំងនេះ និង សម្រេច​បាន​នូវ​ផែនការ​ដ៏​រឹងមាំ​ដើម្បី​សន្តិភាព​យ៉ាង​ដូចម្តេច? ព្រះពុទ្ធ​ដែល​ជា​បុគ្គល​ត្រាស់ដឹង ព្រះអង្គ​តែង​ទទួល​ជា​រឿយៗ​នូវសំណួរ​ពី​មនុស្ស​ដែល​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ ជាច្រើន។ ចំពោះ​ពួកគេ ព្រះអង្គ​នឹង​ត្រាស់​ថា “ចូរ​យើង​ទុក​ទស្សនៈ​ផ្សេងៗ​គ្នា​មួយ​អន្លើ​សិន។ ចូរ​ផ្តោត​តែ​លើ​អ្វី​ដែល​យើង​អាច​យល់ស្រប​គ្នា និង អាច​ឲ្យ​យើង​យក​ទៅ​អនុវត្ត​បាន។ ហេតុ​អ្វី​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា?” ពាក្យ​ទូន្មាន​ប្រកប​ដោយ​គតិ​បណ្ឌិត​នោះ​នៅតែ​មាន​តម្លៃ​រហូត​មក​ដល់​ សព្វថ្ងៃ​នេះ។
ខ្ញុំ​មក​ពី​ទឹកដី​ដ៏​ចំណាស់​មួយ​ដែល​បង្ក​បង្កើត​ ទស្សនវិជ្ជា និង សាសនា​ផ្សេងៗ​គ្នា​ជា​ច្រើន​ក្នុង​ពេល​ជា​ច្រើន​សហស្សវត្សរ៍​មក​ហើយ។ ក្រៅពី​អំពើ​ហិង្សា​ជាច្រើន ប្រទេស​របស់​ខ្ញុំ​ធ្លាប់​បាន​ជា​គំរូ​នៃ​ការរួមរស់​ដោយ​សន្តិភាព​ផងដែរ។ ប្រហែល 2300 ឆ្នាំ​មុន មហារាជ អសោក បាន​កាន់កាប់​ទឹកដី​ដែល​ចក្រភព​របស់​ព្រះអង្គ​លាត​សន្ធឹង​ពី​ប្រទេស​ អាហ្វហ្គានីស្ថាន ដល់ បង់ក្លាដេស សព្វថ្ងៃ។ ពេញ​មួយ​អាណាចក្រ​របស់​ព្រះអង្គ ក្រោម​ការគ្រប់គ្រង​ប្រកប​ដោយ​មេត្តា​ករុណា ទ្រង់​បាន​ប្រកាស​ដោយ​ចារ​នៅ​លើ​សិលា​ចារឹក​មួយ​ថា យើង​ត្រូវ​គោរព​ជំនឿ​សាសនា​ទាំងអស់ ហើយ​ជា​លទ្ធផល អ្នកគោរព​ប្រពៃណី​សាសនា​ទាំងអស់​បាន​សុខស្រួល​មាន​សុវត្ថិភាព នៅក្រោម​ការគ្រប់គ្រង​របស់​ព្រះអង្គ។ ទ្រង់​បាន​សុំ​ឲ្យ​មនុស្ស​ទាំងអស់​រស់នៅ​ក្នុង​ជីវភាព​ប្រកប​ដោយ​សីលធម៌ គោរព​ឪពុក​ម្តាយ និង មនុស្ស​ចាស់​ជាង ព្រមទាំង​រៀរចាក​ការសម្លាប់។ ពាក្យ​ដែល​ព្រះអង្គ​បាន​ដាស់​តឿន​ប្រជាពលរដ្ឋ​នៅ​តែ​សមស្រប​ក្នុង​ពេល​ សព្វថ្ងៃ​នេះ៖
គេ​មិន​គួរ​គោរព​តែ​សាសនា​ផ្ទាល់​ខ្លួន និង ដាក់​ទោស​ដល់​សាសនា​ដទៃ​ទៀត​ឡើយ។ ផ្ទុយទៅវិញ គេ​គួរ​គោរព​សាសនា​ដទៃ​ទៀត​ដោយសារ​មូលហេតុ​ជា​ច្រើន។ ការធ្វើ​ដូច្នេះ​ជួយ​ឲ្យ​សាសនា​ផ្ទាល់​ខ្លួន​របស់​គេ​រីកលូតលាស់ ហើយ​ក៏​ជួយ​បម្រើ​ដល់​សាសនា​របស់​អ្នកដទៃ​ផងដែរ។ បើ​គេ​ធ្វើ​ផ្ទុយ​ពី​នេះ គេ​នឹង​ជីក​រណ្តៅ​កប់​សាសនា​ផ្ទាល់​ខ្លួន​របស់​គេ និង បង្ក​អន្តរាយ​ដល់​សាសនា​ដទៃ​ទៀត​ផងដែរ។ ជន​ណា​ដែល​គោរព​សាសនា​ផ្ទាល់​ខ្លួន​ហើយ​ដាក់​ទោស​សាសនា​ដទៃ​អាច​ធ្វើ​ ដូច្នេះ​បាន​ដោយ​ជឿស៊ប់​ក្នុង​សាសនា​របស់​គេ និង គិត​ថា “ខ្ញុំ​នឹង​លើក​តម្កើង​សាសនា​របស់​ខ្ញុំ” តែ​អំពើ​នេះ​បាន​ធ្វើ​ឲ្យ​សាសនា​ផ្ទាល់​ខ្លួន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់។ ការស្រុះស្រួល​គ្នា​ប្រសើរ​ណាស់។ សូម​ឲ្យ​អ្នក​ទាំងអស់​ស្តាប់​គ្នា និង មាន​ឆន្ទៈ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​អ្នកដទៃ។ (សិលាចារឹក 12)
មហារាជ អសោក ជាតំណាង​ប្រពៃណី​នៃ​ការរួមរស់​ត្រាប្រណី និង ការរួបរួម​គ្នា​ដោយ​សន្តិភាព។ ប្រពៃណី​នេះ​នៅ​រស់រាន​ក្នុង​ចំណោម​រដ្ឋាភិបាល និង អ្នកដឹកនាំ​ប្រទេស​មួយ​ចំនួន​នា​ពេល​សព្វថ្ងៃ​នេះ​ដែរ។ ឧទាហរណ៍​មួយ​គឺ​ព្រះចៅ​អ៊ូម៉ាន់ ដែល​បាន​បរិច្ចាគ​ដី​ដល់​វិហារ​គ្រិស្ត និង វត្ត​សម្រាប់​ជំនឿ​ផ្សេង​ៗទៀត នៅពេល​ដែល​ពួកគេ​គោរព​ប្រតិបត្តិ​តាម​សាសនា​ផ្ទាល់​ខ្លួន​យ៉ាង​ស៊ប់ និង ម៉ឺងម៉ាត់។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​អ្នកដឹកនាំ និង រដ្ឋាភិបាល​ដែល​មាន​មេត្តា​ករុណា​ទាំងនោះ​នឹង​បន្ត​កើត​ឡើង​ទៅ​អនាគត នៅ​លើ​ទឹកដី​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក។ ដូច​ដែល​គេ​ពោល​ថា “អ្នកទទួល​ពរ​គឺ​ជា​អ្នកបង្កើត​សន្តិភាព ហើយ​ពួកគេ​គួរ​បាន​ហៅ​ថា​ជា​បុត្រ​របស់​ព្រះ”។
វា​ច្បាស់​ណាស់​ថា​អ្នកបង្ក​ហិង្សា​ជាដំបូង​បាន​ធ្វើ​ឲ្យ​ពូជពង្ស និង ញាតិ​សន្តាន​របស់​ពួកគេ​ឈឺចាប់។ ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​ផ្ទាល់ តាម​រយៈ​ការមិន​អត់ឱន ឬ ដោយ​ប្រយោល តាម​ការបង្ក​ការតបត​ប្រកប​ដោយ​ហិង្សា​ចំពោះ​អំពើ​របស់​ពួកគេ។ និយាយ​ម្យ៉ាង​ទៀត​ថា “អ្នកទទួល​ពរ​គឺ​ជា​អ្នកដែល​មាន​មេត្តា ហើយ​ពួកគេ​គួរ​ទទួល​នូវ​មេត្តា​វិញ”។ នេះ​គឺ​ជា​ច្បាប់​ធម្មជាតិ ឬ អាច​និយាយ​បាន​ថា​ជា​ក្រិតក្រម ឬ មាគ៌ា​របស់​ព្រះ។ ព្រះពុទ្ធ​បាន​ត្រាស់​ថា “កំហឹង​អាច​រំងាប់​បាន​មិន​មែន​ដោយ​ការចង​កំហឹង​ទេ តែ​ដោយ​ការមិន​ចង​កំហឹង​ប៉ុណ្ណោះ។ នេះ​គឺ​ជា​អនន្ត​ធម៌ (ច្បាប់​សាកល)”។ អ្វី​ដែល​គេ​ហៅ​ថា ធម៌ នៅ​ប្រទេស​ឥណ្ឌា មិន​ទាក់ទង​នឹង​សាសនា​ហិណ្ឌូ, ព្រះពុទ្ធ​សាសនា, សាសនា​ជេន, គ្រិស្ត​សាសនា, ឥស្លាម, សាសនា​ជីហ្វ, សាសនា​ស៊ីខ ឬ “លទ្ធិ” ដទៃ​ផ្សេង​ទៀត​ឡើយ។ នេះ​គឺ​ជា​ការពិត​សាមញ្ញ៖ មុន​ពេល​អ្នក​បង្ក​អន្តរាយ​ដល់​អ្នក​ដទៃ ជា​ដំបូង អ្នក​បង្ក​អន្តរាយ​ដល់​ខ្លួន​អ្នក​ដោយ​ការបង្ក​បង្កើត​ភាពអកុសល​នៅ​ក្នុង​ ចិត្ត។ ហើយ​ដោយ​ការកម្ចាត់​នូវ​ភាពអកុសល​នៅ​ក្នុង​ចិត្ត អ្នក​អាច​រក​ឃើញ​សន្តិភាព​នៅ​ខាងក្នុង និង ពង្រឹង​សន្តិភាព​លើ​ពិភពលោក។

សន្តិភាព​ផ្លូវចិត្ត​ដើម្បី​សន្តិភាព​នៃ​ពិភពលោក

គ្រប់​សាសនា​មាន​តម្លៃ​នៅ​ត្រង់​ការអំពាវនាវ​សុំ​ឲ្យ​បរិស័ទ​រស់នៅ ​ប្រកប​ដោយ​សីលធម៌, អាច​ធ្វើ​ជា​ម្ចាស់​លើ​ចិត្ត និង បណ្តុះ​បណ្តាល​ភាពបរិសុទ្ធ​នៃ​ចិត្ត។ ប្រពៃណី​មួយ​ប្រាប់​យើង​ថា “ចូរ​ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក”; ប្រពៃណី​មួយ​ទៀត​និយាយ​ថា Salaam walekum (“សូម​ឲ្យ​សន្តិភាព​ស្ថិត​នៅ​ជាមួយ​អ្នក”); ហើយ​ប្រពៃណី​មួយ​ផ្សេង​ទៀត​នៅ​តែ​និយាយ​ថា Bhavatu sabbamangalam ឬ Sarve bhavantu sukhinah (“សូម​ឲ្យ​សព្វ​សត្វ​បាន​ប្រកប​តែ​នឹង​សេចក្តី​សុខ”)។ មិនថា​នោះ​ជា​គម្ពីរ​ប៊ីបល, គម្ពីរ​កូរ៉ាន់ ឬ ហ្គីតា​ទេ អត្ថបទ​ទាំងអស់​អំពាវនាវ​សុំ​សន្តិភាព និង មិត្តភាព។ ពី​មហាវិរៈ ដល់ ព្រះ​យេស៊ូ អ្នកបង្កើត​សាសនា​ធំៗ​ទាំងអស់​មាន​ឧត្តមគតិ​អំពី​ភាពអត់ឱន និង សន្តិភាព។ ប៉ុន្តែ​ពិភពលោក​របស់​យើង​នៅ​តែ​ទទួល​រង​វិវាទ​នៃ​សាសនា និង និកាយ​ដដែល ហើយ​ពេល​ខ្លះ​កើត​ជា​សង្គ្រាម​ទៀត​ផង ដោយសារ​តែ​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សំបក​ក្រៅ​នៃ​សាសនា ហើយ​ទុក​ខ្លឹមសារ​នៃ​សាសនា​ចោល។ ជា​លទ្ធផល​គឺ​នាំ​ឲ្យ​ខ្វះ​មេត្តា​ករុណា​នៅ​ក្នុង​ចិត្ត។
សន្តិភាព​នៅ​លើ​ពិភពលោក​មិន​អាច​សម្រេច​បាន​ឡើយ លុះត្រាតែ​មាន​សន្តិភាព​នៅក្នុង​ខ្លួន​បុគ្គល​ម្នាក់ៗ។ កង្វល់ និង សន្តិភាព​មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ឡើយ។ មធ្យោបាយ​មួយ​ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​ខាងក្នុង​គឺ វិបស្សនា ឬ ការចម្រើន​បញ្ញា ដែល​ជា​បច្ចេកទេស​ពិនិត្យ​មើល​ខ្លួន​ឯង និង ការទទួល​ស្គាល់​ការពិត គឺ​ជា​បច្ចេកទេស​បែប​វិទ្យាសាស្ត្រ​ផ្តោត​លើ​លទ្ធផល និង ការមិន​ប្រកាន់​និកាយ។ ការប្រតិបត្តិ​បច្ចេកទេស​នេះ​នាំ​មក​នូវ​ការយល់ ​ដោយ​ការពិសោធ​អំពី​របៀប​ដែល​ចិត្ត និង កាយ​ធ្វើ​អន្តរកម្ម​ជាមួយ​គ្នា។ គ្រប់​ពេល​ដែល​ភាពអកុសល​កើត​ឡើង​នៅ​ក្នុង​ចិត្ត ដូចជា​ការស្អប់ខ្ពើម វា​នឹង​បង្ក​វេទនា​ជា​ទុក្ខ​មួយ​នៅ​លើ​កាយ។ គ្រប់​ពេល​ដែល​ចិត្ត​បង្កើត​មេត្តា​ករុណា និង មុទិតា រាងកាយ​ទាំងមូល​នឹង​ពោរពេញ​ដោយ​វេទនា​ជា​សុខ។ ការប្រតិបត្តិ​វិបស្សនា​ក៏​បង្ហាញ​ថា​អំពើ​ខាង​ផ្លូវ​ចិត្ត​នាំ​មុខ​គ្រប់​ អំពើ​ខាង​ផ្លូវកាយ និង វាចា ដោយ​កំណត់​ថា​តើ​អំពើ​នោះ​មាន​ប្រយោជន៍ ឬ គ្មាន​ប្រយោជន៍។ ចិត្ត​មាន​សារៈសំខាន់​បំផុត។ ដូច្នេះ​យើង​ត្រូវ​រក​វិធីសាស្ត្រ​អនុវត្ត​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មាន​ សន្តិភាព និង បរិសុទ្ធ។ វិធីសាស្ត្រ​ដូចនោះ​នឹង​ពង្រីក​ប្រសិទ្ធភាព​នៃ​សេចក្តី​ប្រកាស​រួម​ដែល​កើត​ ឡើង​ពី​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព​ពិភពលោក​នេះ។
ប្រទេស​ឥណ្ឌា​សម័យ​បុរាណ​បាន​ផ្តល់​ការប្រតិបត្តិ​ពីរ​ដល់​ ពិភពលោក។ មួយ​គឺ​ការហាត់ប្រាណ​ខាង​រាងកាយ “យោគៈ” (Asanas) និង ការត្រួតត្រា​ដង្ហើម (Pranayama) ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ ការប្រតិបត្តិ​មួយ​ទៀត​គឺ​ការហាត់​ខាង​ផ្លូវចិត្ត “វិបស្សនា” ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មាន​សុខភាព​ល្អ។ មនុស្ស​ដែល​មាន​ជំនឿ​ផ្សេងៗ​ណា​មួយ​ក៏​ដោយ​ក៏​អាច​ហាត់​វិធីសាស្ត្រ​ទាំង​ ពីរ​នេះ​បាន​ដែរ។ ក្នុងពេល​ជាមួយ​គ្នា​នេះ ពួកគេ​អាច​គោរព​បូជា​សាសនា​ផ្ទាល់​ខ្លួន​ដោយ​សន្តិភាព និង សុខដុម​រមនា។ ពួកគេ​មិនបាច់​ផ្លាស់ប្តូរ​សាសនា​ដែល​ជា​ប្រភព​ទូទៅ​មួយ​នៃ​ភាពតានតឹង និង ជម្លោះ។
ដើម្បី​ឲ្យ​សង្គម​មួយ​មាន​សន្តិភាព សមាជិក​នៃ​សង្គម​កាន់​តែ​ច្រើន​ឡើងៗ​ត្រូវ​តែ​មាន​សន្តិភាព។ ក្នុងនាម​ជា​អ្នកដឹកនាំ យើង​មាន​ការទទួល​ខុស​ត្រូវ​ក្នុងការ​ធ្វើ​ជា​គំរូ ធ្វើ​ជា​អ្នកជំរុញ​បំផុស​គំនិត​ល្អ។ បណ្ឌិត​ម្នាក់​បាន​ពោល​ថា “ចិត្ត​មាន​លំនឹង​ជា​ការចាំបាច់​ដើម្បី​បង្កើត​ចិត្ត​អ្នកដទៃ​ដែល​គ្មាន​ លំនឹង​ឲ្យ​មាន​លំនឹង​បាន”។
ក្នុង​ន័យ​ទូលំទូលាយ​ជាងនេះ សង្គម​ដែល​មាន​សន្តិភាព​នឹង​រក​វិធី​ដើម្បី​រស់នៅ​ក្នុង​សន្តិភាព​ជាមួយ​នឹង ​បរិស្ថាន​ធម្មជាតិ​របស់​គេ។ យើង​ទាំងអស់​គ្នា​ដឹង​អំពី​តម្រូវការ​ដើម្បី​ការពារ​បរិស្ថាន, ដើម្បី​បញ្ឈប់​ការបំពុល​វា។ អ្វី​ដែល​រារាំង​យើង​មិន​ឲ្យ​ធ្វើ​រឿង​នេះ​គឺ​គំនរ​នៃ​ការបំពុល​ផ្លូវ​ចិត្ត ដូចជា អវិជ្ជា, ហិង្សា ឬ លោភៈ។ ការកម្ចាត់​ធាតុ​ពុល​នោះ​នឹង​លើក​កម្ពស់​សន្តិភាព​ក្នុង​ចំណោម​មនុស្ស​ជាតិ ព្រមទាំង​ទំនាក់ទំនង​ប្រកប​ដោយ​តុល្យភាព និង សុខភាព​ល្អ​រវាង​សង្គម​មនុស្ស និង បរិស្ថាន​ធម្មជាតិ ផងដែរ។ នេះ​ហើយ​ជា​របៀប​ដែល​សាសនា​អាច​បណ្តុះ​បណ្តាល​ការការពារ​បរិស្ថាន​បាន។

អហិង្សា៖ គន្លឹះ​នាំ​ទៅ​រក​អត្ថន័យ​នៃ​សាសនា

ភាពផ្សេងៗគ្នា​រវាង​សាសនា​នានា​តែងតែ​មាន​ជា​ធម្មតា។ ប៉ុន្តែ ដោយ​ការមក​ជួប​ជុំ​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សន្តិភាព​ ពិភពលោក​នេះ អ្នកដឹកនាំ​នៃ​ជំនឿ​ធំៗ​ទាំងអស់​បាន​បង្ហាញ​ថា​ពួកគេ​ចង់​រួមគ្នា​ធ្វើការ​ ដើម្បី​សន្តិភាព។ ដូច្នេះ សូម​ឲ្យ​សន្តិភាព​ប្រែ​ទៅ​ជា​គោលការណ៍​ចម្បង​នៃ “សាសនា​សាកល”។ សូម​ឲ្យ​យើង​រួម​គ្នា​ប្រកាស​ថា​យើង​ត្រូវ​វៀរចាក​ការសម្លាប់ ហើយ​ដាក់​ទោស​ចំពោះ​អំពើ​ហិង្សា។ ខ្ញុំ​ក៏​ទទួច​សុំ​ឲ្យ​អ្នកដឹកនាំ​នយោបាយ​ចូលរួម​ក្នុង​សេចក្តី​ប្រកាស​នេះ​ ដែរ ដោយ​ហេតុ​ថា​តួនាទី​ដ៏​សំខាន់​របស់​ពួកគេ​អាច​នាំ​មក​នូវ​សន្តិភាព ឬ សង្គ្រាម។ ទោះបី​ពួកគេ​ចូលរួម​ក្តី មិន​ចូលរួម​ក្តី យ៉ាង​ហោច​ណាស់ សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ព្រមទទួល​នៅទីនេះ និង ឥឡូវ​នេះ​ថា៖ ជំនួស​ការអត់ឱន​ចំពោះ​អំពើ​ហិង្សា និង ការសម្លាប់ សូម​ឲ្យ​យើង​ប្រកាស​ថា​យើង​ដាក់​ទោស​ចំពោះ​អំពើ​ទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ ជាពិសេស​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​នាម​សាសនា។
អ្នកដឹកនាំ​សាសនា​មួយ​ចំនួន​មាន​សេចក្តី​វាងវៃ និង សេចក្តី​ក្លាហាន​ក្នុងការ​ដាក់​ទោស​អំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​ក្នុង​ នាម​សាសនា​ផ្ទាល់​ខ្លួន​របស់​ពួកគេ។ អាច​មាន​ទស្សនៈវិជ្ជា និង ទ្រឹស្តី​ខុស​ពី​នេះ​នៃ​ការស្វែងរក​សេចក្តី​អត់ឱន ឬ ការសោកស្តាយ​ចំពោះ​អំពើ​ហិង្សា និង ការសម្លាប់​ពី​អតីតកាល ប៉ុន្តែ​ការទទួល​ស្គាល់​អំពើ​ហិង្សា​ដែល​បាន​ធ្វើ​នៅ​ក្នុង​អតីតកាល​ហ្នឹង​ មានន័យថា​វា​មិន​ត្រឹមត្រូវ ហើយ​ត​ទៅ​អនាគត វា​មិន​អាច​នឹង​អត់ឱន​ឲ្យ​បាន​ទេ។
ក្រោម​ការឧបត្ថម្ភ​របស់​អង្គការ​សហប្រជាជាតិ សូម​ឲ្យ​យើង​សាកល្បង​បង្កើត​អត្ថន័យ​នៃ​សាសនា​ថា​ជា​អំពើ​អហិង្សា និង ការបដិសេធ​ការអត់ឱន​ចំពោះ​អំពើ​ហិង្សា ឬ ការសម្លាប់។ ចំពោះ​មនុស្ស​ជាតិ គ្មាន​អ្វី​អភ័ព្វ​ជាង​ការដែល​គេ​មិន​អាច​ឲ្យ​ន័យ​សាសនា​ថា​ជា​សន្តិភាព​ ឡើយ។ កិច្ចប្រជុំ​កំពូល​នេះ​អាច​ស្នើ​នូវ​ទស្សនៈ​នៃ “សាសនា​សាកល” ឬ “សាសនា​គ្មាន​និកាយ” ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិ​យល់ព្រម​ជា​ផ្លូវការ។
ខ្ញុំ​ជឿជាក់​ថា​កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ជួយ​ផ្តោត​ចំណាប់​អារម្មណ៍​ពិភពលោក​អំពី​គោលបំណង​ពិត​ប្រាកដ​នៃ​សាសនា៖
សាសនា​មិន​បំបែក​ឲ្យ​យើង​នៅ​ដាច់​ពី​គ្នា​ឡើយ;
សាសនា​បង្រៀន​យើង​អំពី​សន្តិភាព និង ភាពបរិសុទ្ធ​នៃ​ចិត្ត។
ខ្ញុំ​សូម​សរសើរ​អ្នករៀបចំ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ នេះ​ចំពោះ​ទស្សនៈ និង កិច្ចខំប្រឹងប្រែង​របស់​ពួកគេ។ ហើយ​ខ្ញុំ​ក៏​សូម​សរសើរ​អ្នកដឹកនាំ​សាសនា​ផងដែរ​ដែល​បាន​ចំណាយ​ពេល​ធ្វើការ​ ដើម្បី​ការស្រុះស្រួល​គ្នា​ឡើង​វិញ ដោយ​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ថា​សាសនា​នឹង​មាន​ដំណើរ​ឆ្ពោះ​ទៅ ​រក​សន្តិភាព​ក្នុង​អនាគតកាល។
សូម​ឲ្យ​សព្វសត្វ​ទាំងអស់​រួច​ផុត​ពី​ការស្អប់ខ្ពើម និង ជួប​ប្រទះ​តែ​នឹង​សេចក្តី​សុខ។
សូម​ឲ្យ​សន្តិភាព និង សុខដុម​រមនា​មាន​ភាពលើសលប់។

No comments:

Post a Comment